Skip to content
ម៉ាស៊ីនគិតលេខបែបគូរក្រាហ្វដំបូងគេបង្អស់របស់ពិភពលោក ៖ រឿងរ៉ាវអំពីការអភិវឌ្ឍម៉ាស៊ីនគិតលេខ fx-7000G

ម៉ាស៊ីនគិតលេខបែបគូរក្រាហ្វមានសមត្ថភាពបំប្លែងរូបមន្តជាតម្លៃលេខ រួចហើយបង្ហាញជាទម្រង់ក្រាហ្វ។ ដោយហេតុផលនេះហើយ ទើបម៉ាស៊ីនគិតលេខបែបក្រាហ្វទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងពិភពលោក សម្រាប់ជាឧបករណ៍ជំនួយការអប់រំដ៏ល្អឥតខ្ចោះក្នុងការពង្រឹងការសិក្សារបស់សិស្ស និងជំនួយការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ។
ថ្វីបើបច្ចុប្បន្ននេះ សមត្ថភាពគូរក្រាហ្វបែបនេះត្រូវបានចាត់ទុកថាជារឿងសាមញ្ញក៏ដោយ ប៉ុន្តែកាលពីអតីតកាល នៅពេលដែលម៉ាស៊ីនគិតលេខទាំងនេះមិនទាន់មានវត្តមាននៅទូទាំងពិភពលោក ការព្យាយាមធ្វើឱ្យមានការទទួលស្គាល់ម៉ាស៊ីនគិតលេខនេះនៅគ្រប់ទីកន្លែងគឺជារឿងដ៏ពិបាកខ្លាំង។

Casio បានផលិត និងដាក់លក់ម៉ាស៊ីនគិតលេខបែបគូរក្រាហ្វ fx-7000G ដំបូងគេបង្អស់របស់ពិភពលោក។ នៅទីនេះ យើងនឹងស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយការអភិវឌ្ឈផលិតផលប្រកបដោយភាពច្នៃប្រឌិតនេះ និងអ្វីៗដែលគេត្រូវការដើម្បីធ្វើឱ្យម៉ាស៊ីនគិតលេខមួយនេះក្លាយជាការពិត។

Hiroyuki Yoshino អ្នកអភិវឌ្ឍន៍ម៉ាស៊ីនគិតលេខ fx-7000G កាន់ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ។

Hiroyuki Yoshino អ្នកអភិវឌ្ឍន៍ fx-7000G

Yoshino បានចូលរួមជាមួយ Casio ក្នុងឆ្នាំ 1979។ អស់រយៈពេល 41 ឆ្នាំមកហើយ គាត់បានធ្វើការលើការអភិវឌ្ឍម៉ាស៊ីនគិតលេខបែបវិទ្យាសាស្រ្ត និងសកម្មភាពជំនួយដល់ការអប់រំជាច្រើន។

ដំណើរកកើតឡើងនៃម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ៖ fx-1 បានចាប់កំណើតឡើង

តើ​ម៉ាស៊ីន​គិតលេខ​បែប​វិទ្យាសាស្ត្រ​នេះកើតឡើងយ៉ាងដូចម្ដេច? ម៉ាស៊ីនគិតលេខគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា និងក្ដីប្រាថ្នាជួយសម្រាលអ្នកប្រើប្រាស់ពីការគណនាលេខ។ ប្រសិនបើមនុស្សមិនចាំបាច់ធ្វើការគណនាច្រើនដោយខ្លួនឯងទេ នោះពួកគេអាចផ្តោតលើការគិតដែលកាន់តែមានលក្ខណៈស្មុគស្មាញជាងនេះ។ កិច្ចខិតខំប្រឹងប្រែងសម្រេចគោលដៅនេះនៅ Casio បានចាប់ផ្ដើមនៅឆ្នាំ 1972 នៅពេលដែលក្រុមហ៊ុនបានចេញផ្សាយម៉ាស៊ីនគិតលេខបែបវិទ្យាសាស្រ្តដំបូងគេពីប្រទេសជប៉ុនគឺ fx-1 ទៅកាន់ពិភពលោក។ ផលិតផលនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីបុគ្គលិកបច្ចេកទេស និងសិស្សនិស្សិត។ ឥឡូវនេះ ក្រុមមនុស្សទាំងនេះអាចប្រើម៉ាស៊ីនគិតលេខ ដើម្បីដំណើរការរូបមន្តកម្រិតខ្ពស់ដែលកាលពីមុនពួកគេត្រូវគណនាដោយដៃ។ fx-1 គឺជាការចាប់ផ្ដើមនៃការវិវត្តបន្ថែមទៀតសម្រាប់ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្រ្ត រួមទាំង fx-7000G ផងដែរ។

 ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដំបូងគេពីប្រទេសជប៉ុនគឺ fx-1

ការបង្ហាញពីរូបមន្ត និងទិន្នន័យតារាង៖ ការសិក្សាភាពច្នៃប្រឌិតពីម៉ាស៊ីនគិតលេខ fx-7000G

ម៉ាស៊ីនគិតលេខ fx-7000G និងប្រអប់របស់វា

នៅឆ្នាំ 1985 ក្រុមហ៊ុន Casio បានចេញផ្សាយម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដំបូងគេរបស់ពិភពលោកដែលមានមុខងារគូរក្រាហ្វគឺ fx-7000G។ កាលពីមុន ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រផ្ដល់ចម្លើយក្នុងទម្រង់ជាតម្លៃលេខប៉ុណ្ណោះ។ ប៉ុន្តែម៉ាស៊ីនគិតលេខ fx-7000G មានសមត្ថភាពបង្ហាញមុខងារជាក្រាហ្វបន្ទាត់ ទិន្នន័យតារាងជាក្រាហ្វសសរ និងអ្វីៗជាច្រើនទៀត។ ម៉ាស៊ីនគិតលេខនេះអាចប្រើរូបភាព ដើម្បីបង្ហាញពីគោលគំនិតនានាដែលយើងពិបាកយល់ដោយគ្រាន់តែមើលតម្លៃលេខ។ ម៉ាស៊ីនគិតលេខ fx-7000G ត្រូវ​បាន​គេ​សរសើរ​ថា​ជា​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិតដែលបានជួយដល់ការ​សិក្សា ​ដែលនេះ​ជា​ការ​វិវត្តដ៏ពិត​ប្រាកដនៃ​ម៉ាស៊ីន​គិតលេខ។

អ្វីគ្រប់យ៉ាងបានផ្ដើមចេញពីសំណើ មួយទំព័រ

តើម៉ាស៊ីនគិតលេខបែបគូរក្រាហ្វ fx-7000G បានចាប់ផ្ដើមដោយរបៀបណា? លោក Hiroyuki Yoshino ដែលជាអ្នកអភិវឌ្ឍន៍ម្នាក់នៅក្នុងគម្រោងនេះ បានក្រឡេកមើលកាលសម័យនោះ រួចនឹកឃើញថា “គម្រោងនេះបានចាប់ផ្ដើមពីទំព័រសៀវភៅសិក្សាគណិតវិទ្យា។”

“ចាប់ពីឆ្នាំ 1980 មក ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រមិនមែនត្រូវបានប្រើដោយវិស្វករតែប៉ុណ្ណោះទេ។ សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យក៏ចាប់ផ្ដើមប្រើវាដែរ។ ដូច្នេះ​ យើងចោទសួរខ្លួនឯងថា តើ​ម៉ាស៊ីន​គិតលេខ​បែបវិទ្យាសាស្ត្រ​ប្រភេទ​ណា​ដែល​មាន​ប្រយោជន៍​សម្រាប់​ការ​សិក្សា​គណិតវិទ្យា? បន្ទាប់​មក​ យើង​បាន​ប្រមូល ​និង​ពិនិត្យ​មើល​សៀវភៅ​សិក្សាគណិតវិទ្យា​ពី​ជុំវិញ​ពិភពលោក។ យើងបានទទួលស្គាល់ថា នៅសម័យនោះម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រមិនអាចបង្ហាញក្រាហ្វដែលមានសារៈសំខាន់សម្រាប់គណិតវិទ្យាបានទេ។ យើង​​គិត​ថា​ យើង​អាច​ធ្វើ​ឱ្យការ​អប់រំផ្នែក​គណិតវិទ្យា​ប្រសើរ​ឡើង​តាមរយៈការស្វែងយល់​ពី​របៀប​បង្កើតរូបភាពក្រាហ្វ។”

គំនូររូបរាងផលិតផលនៅពេលរចនាម៉ាស៊ីនគិតលេខ fx-7000G។
Yoshino បានរៀបរាប់អំពីពេលដែលគាត់បានអភិវឌ្ឍម៉ាស៊ីនគិតលេខ fx-7000G។

Yoshino បានសម្រេចចិត្តរកមធ្យោបាយបង្កើតម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រដែលអាចបង្កើតក្រាហ្វបាន ហើយបានកត់ទុកភ្លាមៗនូវគំនិតរបស់គាត់នៅក្នុងសំណើមួយទំព័រនៅឆ្នាំ 1983។ សំណើនេះបានពណ៌នាអំពីការគូរ ក្រាហ្វសម្រាប់ y=x2 នៅលើអេក្រង់ម៉ាស៊ីនគិតលេខ។ នៅពេលគាត់បានបង្ហាញសំណើនេះ គម្រោងទទួលបានការយល់ព្រមភ្លាមៗ។ ហើយអ្នកអភិវឌ្ឍន៍ក៏បានចាប់ផ្ដើមស្នាដៃរបស់ពួកគាត់ភ្លាមៗនោះដែរ។

“មិនទាន់មាននរណាម្នាក់ធ្វើអ្វីបែបនេះនៅឡើយទេ។ យើងមិនដឹងថាតើយើងនឹងត្រូវធ្វើអ្វី ដើម្បីឱ្យម៉ាស៊ីនគិតលេខនេះដំណើរការបានទេ។ ប៉ុន្តែយើងមានអារម្មណ៍រំភើប ដោយសារយើងនឹងប្រើដៃរបស់យើងផ្ទាល់ ដើម្បីបង្កើតអ្វីមួយដែលពិភពលោកមិនធ្លាប់ឃើញពីមុន។”

ដំណើរការអភិវឌ្ឍនៃការសាកល្បង និងបញ្ហាឥតឈប់ឈរ

កិច្ចខិតខំប្រឹងប្រែងបង្កើតផលិតផលថ្មីស្រឡាងមួយពីចំណុចសូន្យបានចាប់ផ្ដើមដោយបែបនេះ។

“យើង​បានប្ដេជ្ញា​ចិត្ត​បង្កើត​អ្វី​មួយ​ដែល​មនុស្ស​ជាតិនឹងសប្បាយ​ចិត្ត នៅ​ពេល​ដែល​យើង​បង្ហាញ​វា​ទៅកាន់​ពិភពលោក។ យើងដឹងថា យើងត្រូវបង្ហាញអ្នកប្រើប្រាស់របស់យើងនូវអ្វីមួយដែលធ្វើឱ្យពួកគេនឹងភ្ញាក់ផ្អើល។ នោះហើយ​ជា​មោទនភាព​ដែល​យើង​មាន​ក្នុង​នាម​ជា​អ្នក​អភិវឌ្ឍន៍។”

ក្រុមការងារយើង​បាន​ជួប​ឧបសគ្គធំ​មួយក្នុងការព្យាយាម​បង្ហាញ​ក្រាហ្វ។ វិធីសាស្រ្តធម្មតាមិនអាចគូរក្រាហ្វដោយប្រើខ្សែកោងបានទេ។

“យើងដឹងថា យើងត្រូវប្រើការបង្ហាញចំណុចពេញ ដើម្បីគូរក្រាហ្វឱ្យបានត្រឹមត្រូវ ប៉ុន្តែវានឹងបង្កើនការប្រើប្រាស់ថាមពលបន្ថែមទៀត។ យើងក៏ចង់ឱ្យម៉ាស៊ីនគិតលេខដំណើរការដោយប្រើថ្មផងដែរ ដើម្បីឱ្យអ្នកប្រើប្រាស់អាចយកវាតាមខ្លួនបាន។ ដើម្បីប្រាកដថាម៉ាស៊ីនគិតលេខអាចយកតាមខ្លួនបាន យើងបានប្រើ LCD ម៉ាទ្រីសចំណុច និងរចនាម៉ាស៊ីនគិតលេខឱ្យប្រើប្រាស់ថាមពលតិច។ យើង​ក៏​បាន​គិត​អំពី​របៀប​ធ្វើ​ឱ្យ​ម៉ាស៊ីន​គិតលេខ​មាន​ទំហំតូចងាយស្រួលកាន់ និង​របៀប​ធ្វើ​ឱ្យ​អេក្រង់​ងាយ​ស្រួល​អានផងដែរ។”

អ្នកអភិវឌ្ឍន៍សម្រេចបានសមត្ថភាពគូរក្រាហ្វ ទោះបីជាមានឧបសគ្គរាំងស្ទះផ្សេងៗក៏ដោយ ដោយសារតែភាពប៉ិនប្រសប់ និងការតស៊ូរបស់ពួកគេ។

គំនូរប្លង់បច្ចេកទេសនៃម៉ាស៊ីនគិតលេខ fx-7000G
គំនូរប្លង់បច្ចេកទេសនៃម៉ាស៊ីនគិតលេខ fx-7000G
អេក្រង់ម៉ាស៊ីនគិតលេខ fx-7000G

ចំពោះសូហ្វវែរផងដែរ វិធីដែលម៉ាស៊ីនគិតលេខនឹងគូរក្រាហ្វជាបញ្ហាមួយផ្សេងទៀត។

“នៅពេលយើងមើលសៀវភៅមេរៀនគណិតវិទ្យា ហើយពិចារណាលើមុខងារដែលយើងត្រូវការ យើងបានគិតអំពីរបៀបដែលយើងនឹងគូរក្រាហ្វ និងបង្ហាញកូអ័រដោណេរបស់ក្រាហ្វ ហើយផ្ដល់មុខងារជាមូលដ្ឋានដូចជាការពង្រីក និងបង្រួម។ ខ្ញុំគិតថាវាគឺជាពេលដែលយើងចាប់ផ្ដើមគិតអំពីការដែលមានអ្វីៗដូចជាម៉ឺនុយដែលមានការបង្ហាញរូប ក៏ដូចជាប្រតិបត្តិការអន្តរកម្ម និងងាយស្រួលប្រើ​ផងដែរ។ ខ្ញុំយកសៀវភៅកត់ចំណាំមួយមកតាមខ្លួនជានិច្ច ដើម្បីអាចកត់ទុកគំនិតទាំងឡាយដែលខ្ញុំបានគិតឃើញ គ្រប់ទីកន្លែងដែលខ្ញុំស្ថិតនៅ។ នេះជារបៀបដែលមុខងារថ្មីៗបានចាប់ផ្ដើម។”

Yoshino បានពណ៌នាថាតាមរយៈការសាកល្បង និងកំហុស ក្រុមការងារមិនដែលបញ្ឈប់ការងារទេ។ មានពេលខ្លះដែលក្រាហ្វមិនបង្ហាញឡើង ឬនឹងបង្ហាញអ្វីដែលមិនបានរំពឹងទុក។ ហើយគាត់នៅចាំបានយ៉ាងច្បាស់ រហូតមកដល់ឥឡូវនេះ អារម្មណ៍ដែលគាត់មាននៅពេលដែលទីបំផុតក្រាហ្វសម្រាប់ y=x2 បានបង្ហាញនៅលើអេក្រង់របស់ម៉ាស៊ីនគិតលេខគំរូ។ ចុងក្រោយ គំនិតដែលគាត់បានស្នើក្នុងសំណើរបស់គាត់បានក្លាយជាការពិត។

Yoshino សើច

នៅទីបំផុត៖ ម៉ាស៊ីនគិតលេខបែបគូរក្រាហ្វដំបូងគេបង្អស់របស់ពិភពលោក

ដំណើរការនេះសម្រេចបានម៉ាស៊ីនគិតលេខ fx-7000G ជាស្ថាពរនៅឆ្នាំ 1985។

“នៅទីបញ្ចប់ យើងទទួលបានជោគជ័យក្នុងការបង្កើតផលិតផលមួយដែលបំពេញបានទាំងមុខងារ និងបច្ចេកវិទ្យាដែលយើងចង់បានតាមការគ្រោងទុក។”

គំនិតរបស់ Yoshino បានរីកដុះដាលមិនត្រឹមតែចំពោះការអភិវឌ្ឍផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំពោះកេរ្តិ៍ឈ្មោះផលិតផលទៀតផង។

“ខ្ញុំចាប់ផ្ដើមពី ‘fx’ ដែលជាឈ្មោះម៉ាកសម្រាប់ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្ររបស់ Casio។ បន្ទាប់​មក ខ្ញុំ​បាន​គិត​អំពី​លេខ 7 ធ្វើជា​លេខ​សំណាង ដូច្នេះ​យើងបាន​ដាក់​ឈ្មោះ​ម៉ូដែល​នេះ​ថា ‘fx-7000G’។”

ម៉ាស៊ីនគិតលេខ fx-7000G និងសៀវភៅណែនាំសម្រាប់ការលក់
លោក Yoshino កាលពីនៅក្មេងឈរគយគន់ទេសភាពទីក្រុងពីលើកំពូលភ្នំ

នារដូវក្ដៅនោះ ម៉ាស៊ីនគិតលេខ fx-7000G បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិក (CES) នៅសហរដ្ឋអាមេរិក។

“គ្រូ​បង្រៀនបានមក​ស្តង់ និងបានប្រើវា ​រួចហើយនិយាយថា​ ‘ពិតជាអស្ចារ្យណាស់!’ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឮ​ការសរសើរបែបនេះ។”

ចាប់ពីពេលនោះមក ព័ត៌មានអំពីបដិវត្តន៍ម៉ាស៊ីនគិតលេខ fx-7000G បានរីករាលដាលនៅក្នុងវិស័យជាច្រើន ដោយលោក Yoshino ត្រូវបានណែនាំនៅក្នុងសន្និសីទអប់រំដោយបុគ្គលលេចធ្លោនៅក្នុងវិស័យអប់រំថាជា “វិស្វករដែលបង្កើតម៉ាស៊ីនគិតលេខបែបគូរក្រាហ្វដំបូងគេបង្អស់។”

មុខងារស្នូលនៃម៉ាស៊ីនគិតលេខនៅក្នុងថ្នាក់រៀន

លោក Yoshino បានបញ្ជាក់ថាម៉ាស៊ិនគិតលេខ fx-7000G មិនមែនមានតែសមត្ថភាពគូរក្រាហ្វប៉ុណ្ណោះទេ។

“ខ្ញុំជឿថា តាមរយៈការបង្ហាញក្រាហ្វរួមជាមួយនឹងលទ្ធផលគណនា ម៉ាស៊ីនគិតលេខនេះបានចូលរួមជំរុញឱ្យមានការអភិវឌ្ឍរបៀបសិក្សាថ្មីៗ ដែលលើកទឹកចិត្តដល់ការរុករកអ្វីដែលថ្មី និងការអភិវឌ្ឍជំនាញគិតបែបតក្ក។”

ការចេញផ្សាយម៉ាស៊ីនគិតលេខ fx-7000G បានអនុញ្ញាតឱ្យមានការប្រើប្រាស់ម៉ាស៊ីនគិតលេខជាឧបករណ៍អប់រំនៅក្នុងប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី។ ការប្រើប្រាស់ម៉ាស៊ីនគិតលេខ និងការទទួលយកបច្ចេកវិទ្យាទៅក្នុងវិស័យអប់រំ បានកើនឡើងយ៉ាងឆាប់រហ័ស។

ជាការទទួលស្គាល់ការរួមចំណែករបស់ម៉ាស៊ីនគិតលេខ fx-7000G ចំពោះការអប់រំផ្នែកគណិតវិទ្យា ម៉ាស៊ីនគិតលេខនេះត្រូវបានរួមបញ្ចូលនៅក្នុងបណ្ដុំស្ថាប័ន Smithsonian នៅសហរដ្ឋអាមេរិក។ យើងអាចនិយាយបានថា ម៉ាស៊ីនគិតលេខ fx-7000G ដើរតួនាទីដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ។

ក្រោយមក Casio បានបន្តធ្វើការជាមួយអ្នកអប់រំ ដើម្បីណែនាំមុខងារបន្ថែមទៀត ដែលងាយស្រួលប្រើក្នុងថ្នាក់រៀនរបស់ពួកគេ។ ដំណើរការនេះបានបង្កើតលទ្ធផលដូចជា ស៊េរីម៉ាស៊ីនគិតលេខ MS ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានក្នុងទម្រង់សៀវភៅសិក្សា ក៏ដូចជាស៊េរី ES ដែលមានសមត្ថភាពបង្ហាញរូបមន្តជាតម្លៃលេខដូចគ្នាទៅនឹងអ្វីដែលបង្ហាញក្នុងសៀវភៅសិក្សា។ នៅក្នុងវិធីទាំងនេះ និងវិធីជាច្រើនទៀត ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្ររបស់ Casio នៅតែបន្តវិវត្តទៅមុខជានិច្ច។

fx-82MS

fx-991ES

ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រជាឧបករណ៍ជំនួយការអប់រំក្នុងការជំរុញការរុករកថ្មីៗ

គោលគំនិតដែលគួរតែមាននៅក្នុងម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រ មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយបទពិសោធផ្ទាល់របស់ Yoshino ក្នុងអំឡុងពេលដែលគាត់ជាសិស្ស។

“នៅពេលខ្ញុំជានិស្សិតសាកលវិទ្យាល័យ ខ្ញុំបានធ្វើការគណនាជាច្រើនដោយដៃពាក់ព័ន្ធនឹងចំនួនកុំផ្លិច និងអាំងតេក្រាល ដើម្បីវិភាគសៀគ្វី ហើយខ្ញុំឆ្ងល់ថាតើម៉ាស៊ីនគិតលេខអាចជួយកាត់បន្ថយពេលវេលាដែលខ្ញុំត្រូវគណនាដោយដៃបានប៉ុន្មាន។ ខ្ញុំ​ក៏​ធ្លាប់​ឮ​​គ្រូ​បង្រៀនជាច្រើននិយាយថា គណិតវិទ្យា​មាន ‘ឧបសគ្គ’ ចំនួនបី​ដែល​ធ្វើ​ឱ្យ​យើង​មិន​ចូលចិត្ត​មុខវិជ្ជានេះ។ ឧបសគ្គទាំងនេះគឺប្រភាគ សមីការ និងការគណនា។ ដូច្នេះ ខ្ញុំតែងតែគិតអំពីរបៀបបង្កើតឧបករណ៍មួយចំនួនដែលអាចដោះស្រាយបញ្ហាទាំងនេះ និងជួយដល់ការសិក្សាគណិតវិទ្យារបស់សិស្សានុសិស្សផងដែរ។”

ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រត្រូវតែមានសមត្ថភាពអាចផ្ដល់ចម្លើយបានច្រើនជាងម៉ាស៊ីនដែលគ្រាន់តែផ្ដល់ចម្លើយ។ ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រទាំងនេះ ត្រូវតែជាឧបករណ៍ជំនួយការអប់រំដែលគាំទ្រដល់ការសិក្សាស្វែងយល់ដែលពាក់ព័ន្ធនឹងការធ្វើតេស្តផ្ទាល់ខ្លួន ការគិត និងការរកឃើញ។

នេះហើយជាគំនិតដែលស្ថិតនៅពីក្រោយការបង្កើតម៉ាស៊ីនគិតលេខ fx-7000G នេះឡើង ថែមទាំងជាមូលដ្ឋានគំនិតសម្រាប់ម៉ាស៊ីនគិតលេខបែបវិទ្យាសាស្ត្រទាំងមូលផងដែរ។

Yoshino និយាយដោយកាន់ម៉ាស៊ីនគិតលេខ fx-7000G នៅក្នុងដៃ

សម្លឹងមើលទៅអនាគត៖ គោលគំនិតរបស់ Casio សម្រាប់អាជីវកម្មក្នុងវិស័យអប់រំ

ក្រាហ្វត្រូវបានបង្ហាញនៅលើ LCD នៃម៉ាស៊ីនគិតលេខ fx-7000G

នៅក្រុមហ៊ុន Casio ពីគោលជំនឿសាជីវកម្មរបស់យើងអំពី “ភាពច្នៃប្រឌិត និងការចូលរួមចំណែក” យើងបានទាញយកបេសកកម្មនៃការបង្កើតគំនិតច្នៃប្រឌិត និងគុណតម្លៃថ្មីៗ រួចផ្តល់ការចូលរួមចំណែកទាំងនេះដល់សង្គម។

សម្រាប់អាជីវកម្មក្នុងវិស័យអប់រំ Casio បានកំណត់សេចក្ដីថ្លែងការណ៍ថា “ជំរុញការចង់ដឹងចង់ឃើញរបស់អ្នក” ដើម្បីតំណាងឱ្យគោលដៅរបស់យើងក្នុងការជំរុញដល់ការរីកចម្រើន និងការអភិវឌ្ឍ “ខ្សែសង្វាក់សម្រាប់ការចង់ដឹងចង់ឃើញ” ចំពោះបញ្ញាវន្តម្នាក់ៗ ដែលការទទួលបានចំណេះដឹងថ្មីៗនាំឱ្យមានការចង់ដឹងចង់ឃើញបន្ថែមទៀត។ យើងកំពុងចូលរួមក្នុងគំនិតផ្ដួចផ្ដើមផ្សេងៗ ដើម្បីសម្រេចគោលដៅនេះ។

ឧត្ដមគតិ និងវិធីសាស្ត្រទាំងនេះមិនមែនកើតឡើងក្នុងពេលតែមួយយប់ទេ។ ផ្ទុយទៅវិញ វាជាការរីកចម្រើនឥតឈប់ឈរនៃអ្វីដែលបានចាប់ផ្ដើមស្របនឹងបំណងប្រាថ្នារបស់លោក Yoshino ក្នុងការបង្កើតម៉ាស៊ីនគិតលេខដែលអាចគូរក្រាហ្វបាន ដែលពិភពលោកមិនធ្លាប់បានឃើញ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិវឌ្ឍន៍តាំងពីពេលនោះមក។

Yoshino កាន់ម៉ាស៊ីនគិតលេខ fx-7000G

Select a location